ម៉ឺន សុភា ប្រាប់រឿងមួយដែលវ៉ៃ អារុណដេត សន្លប់ទឹកទី១ ល្ងាចមិញ
អ្នកប្រដាល់កណ្ដាប់ដៃថ្ម ម៉ឺន សុភា បានផ្តួលកីឡាករថៃ អារុណដេត ឲ្យសន្លប់ក្នុងទឹកទី១យ៉ាងងឿយស្រួលក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលនៃការប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនបាយ័ន។
ម៉ឺន សុភា បានឲ្យដឹងថា ការប្រកួតជុំចុងក្រោយរបស់គេ ម្សិលមិញនេះអាចថាស្រួលក៏ថាបានដែរ ដោយសារ ដៃគូភ្នាត់ស្នៀតចូលកណ្ដាប់ដៃតែប៉ុណ្ណោះ។ កីឡាមិនថាអ្នកណាខ្លាំងយ៉ាងណានោះទេ ឲ្យតែភ្លាត់ ដឹងតែចាញ់ហើយ។
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ២០១៧ សុភា និយាយថា ការជួបគ្នាលើកទី១ រូបគេបានយកឈ្នះដោយពិន្ទុប៉ុណ្ណោះ ប៉ុន្តែលើកទី២នេះឈ្នះសន្លប់ទឹកទី១តែម្តង។ លើកទី២នេះ អារុណដេត ប្រហែលជាខ្លាចរអាបានជាមិនសូវហ៊ានចូលវ៉ៃដែលធ្វើឲ្យការប្រកួតក៏មិនសូវជាជក់ចិត្ត។
សុភា បន្តថា ការប្រកួតជម្រុះតាំងពីជុំដំបូងរហូតដល់បញ្ចប់វគ្គសន្សំពិន្ទុនេះ គឺមានការពិបាកដែរ ព្រោះអ្នកគ្រប់គ្នាសុទ្ធតែចង់ឈ្នះ ប៉ុន្តែសំខាន់បំផុតការហ្វឹកហាត់ឲ្យបានដិតដល់ បើហ្វឹកហាត់ត្រៀមបានល្អអាចថាឈ្នះលឿនមិនសូវឈឺខ្លួន។
ម៉ឺន សុភា ដែលជាកីឡាករមកពីសមាគមប្រដាល់ក្រសួងការពារជាតិ និងជាកូនសិស្សលោកគ្រូ ធន់ សុភា ប្រកួតចុងក្រោយល្ងាចម្សិលមិញនេះ ផ្ដួលថៃ អារុណដេត ឲ្យសន្លប់នៅក្នុងទី១ នៃការប្រកួតជុំចុងក្រោយរបស់ខ្លួន។ ឥលូវនេះអ្នកលេងកណ្ដាប់ដៃរូបនេះបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ស្រាបៀលីអូហើយ បន្ទាប់ពីប្រកួត៤ដង ឈ្នះ៣ ចាញ់១ មាន១០ពិន្ទុ៕
ប្រភពៈ SABAY NEWS
No comments: